គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា
02-08-2022 16:29
(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦៖៥០នាទីព្រឹក នៅប្រទេសអូស្ត្រាលី ក្នុងជន្មាយុ ៦៨ឆ្នាំ។
គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះការបាត់បង់ លោកស្រី នាវ ច័ន្ទថាណា ដែលជាឥស្សរសជនដ៏សកម្មមួយរូប ធ្លាប់បានធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការបម្រើដល់ប្រយោជន៍សង្គមជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា សូមកត់ត្រាទុកនូវរាល់ស្នាដៃ និងឧត្តមគតិរបស់លោកស្រី នាវ ច័ន្ទថាណា ដែលបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៨ឆ្នាំ៕