អ្នកដំណើរ៣០០នាក់ និងសហនាវិកត្រូវបានជម្លៀស បន្ទាប់ពីយន្តហោះ Korean Air ឆេះម៉ាស៊ីនស្លាបឆ្វេង
27-05-2016 12:19
(តូក្យូ)៖ អ្នកដំណើរប្រមាណ៣០០នាក់ រួមនឹងសហនាវិក ត្រូវបានជម្លៀសចេញពី យន្តហោះដឹកអ្នកដំណើររបស់ ក្រុមហ៊ុន អាកាសចរណ៍ Korean Air Lines បន្ទាប់ពីមានផ្សែងហ៊ុយចេញពីស្លាបខាងឆ្វេងនៃយន្តហោះ មុនពេលហោះហើរ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។
មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានឲ្យដឹងថា អ្នកដំណើរ និងសហនាវិកទាំងអស់នៅពេលនេះគឺមាន សុវត្ថិភាព បន្ទាប់ពីជម្លៀសចេញពីយន្តហោះដឹកអ្នកដំណើរ នៅអាកាសយានដ្ឋាន Haneda Airport ក្នុងទីក្រុងតូក្យូ។
មន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា នៅមុនពេលហោះហើរ គេឃើញមានផ្សែងហ៊ុយចេញពីម៉ាស៊ីនយន្តហោះ នៅស្លាបខាងឆ្វេង ហើយភ្លាមៗនោះ អ្នកដំណើរ និងសហនាវិកទាំងអស់ត្រូវបានជម្លៀសចេញ ប៉ុន្តែមូលហេតុនោះនៅមិនទាន់ដឹងនោះទេ៕