រដ្ឋសភា សម្រេចផ្តល់សុពលភាព លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព
28-07-2022 09:57
(ភ្នំពេញ)៖ នៅក្នុងសម័យប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភា បានសម្រេចផ្តល់សុពលភាពជូន លោក ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស លោកសន្តិបណ្ឌិត ឌុល គឿន ដែលទទួលមរណភាព។
សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នេះ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសភាសរុបចំនួន ១០៦រូប ក្នុងនោះមានរបៀបវារៈចំនួន៥ ត្រូវបានពិភាក្សា និងអនុម័ត។
ក្រោយការប្រកាសសុពលភាពនេះ លោក ចាប ម៉ុច ត្រូវធ្វើសញ្ចាប្រណិធាន មុនពេលចូលកាន់តំណែងផងដែរ។
សូមបញ្ជាក់ថា លោកសន្តិបណ្ឌិត ឌុល គឿន អតីតតំណាងរាស្ត្រមណ្ឌលកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ៕