Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម កោតសរសើរកងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារសន្តិសុខបានល្អ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

27-07-2022 16:28

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរដល់កងកម្លាំងទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជាការបោះឆ្នោតសកល ដែលមានវិសាលភាពនៃការរៀបចំ មានទំហំធំធេង ដោយរាប់បញ្ចូលមានដំណាក់កាល ជាច្រើនក្នុងកិច្ចការនោះ បានដំណើរការទៅដោយរលូន មានសន្តិសុខល្អ សុវត្ថិភាព គ្មានការបំភិតបំភ័យក្នុងដំណាក់កាលនោះឡើយ។

លោកអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ ប្រទេសនីមួយៗលើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង ហើយការរៀបចំបោះឆ្នោតអាចប្រព្រឹត្តិទៅ គឺអាស្រ័យលើប្រទេសជាតិនោះ មានសន្តិភាពដូចប្រទេសកម្ពុជាយើងបច្ចុប្បន្ន ពោលគឺមានទាំងស្ថេរភាពនយោបាយ ព្រមទាំងសន្តិសុខ សុវត្ថិភាពក្នុងសង្គម ត្រូវបានធានា និងមានការអភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំ ការបោះឆ្នោតប្រកបដោយរលូនទទួលបានលទ្ធផលល្អ ដូចជាយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ដល់សមាជិកសមាជិកានៃអង្គប្រជុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទ ដើរបានយកចិត្តទុកដាក់ បានប្រឹងប្រែងបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវ ឆ្លងកាត់គ្រប់ឧបសគ្គ មិនថាភ្លៀងផ្គរ គឺបានជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតទទួលបានលទ្ធផលជោគជ័យ៕