Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តពោធិ៍សាត់ បន្តចុះចែកទឹកជូនប្រជាពលរដ្ឋ កំពុងខ្វះទឹកប្រើប្រាស់ នៅស្រុកកណ្តៀង

21-05-2016 14:17

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិសឹករងខេត្ត រួមនឹងក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តចុះចែកទឹកជូនប្រជាពលរដ្ឋចំនួន ៣៧១គ្រួសារ ស្មើ៦ភូមិ គឺភូមិចំរេះ ភូមិពោធិ៍ពីរ ភូមិចំការតាប៉ូ ភូមិបន្ទាយត្រោក ភូមិសារាង និង ភូមិស្ទឹង ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលរស់នៅតំបន់ដាច់ស្រយាល កំពុងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់។

លោក ខូយ រីដា អភិបាលរងខេត្តឲ្យដឹងថា ដោយទទួលបានព័ត៌មាន ថាប្រជាពលរដ្ឋនៅតំបន់នោះខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ដែលជាតំបន់ដាច់ស្រយាលនោះ ទើបលោករួមនឹងក្រុមការងារបានចុះមក ឃើញប្រជាពលរដ្ឋខ្វះខាតទឹកក៏បានឲ្យក្រុមការងារ ដឹកទឹកជូន បងប្អូនប្រជាពលរដ្ឋទាំង ៣៧១គ្រួសារនោះ។

លោកបានបន្តថា បើទោះបីជាការផ្តល់ទឹក ជូនបងប្អូនប្រើប្រាស់ក្នុងថ្ងៃនេះ វាមិនគ្រប់គ្រាន់ ទៅតាមតម្រូវការ ក៏ពិតមែន តែវាអាចជួយសម្រួលបានមួយគ្រាផងដែរ ហើយលោកនឹងជួយបងប្អូនបន្តទៀត នៅពេលជួបបញ្ហាទៀត ចំពោះការផ្តល់ទឹកនេះ ក្រុមការងារផ្តល់ជូនគ្រប់ទីកន្លែង ឲ្យតែលោកបានទទួលព័ត៌មានពីបងប្អូន ។ ជាងនេះទៅទៀត លោកសូមឲ្យបងប្អូនទាំងអស់ ត្រូវចេះសន្សំសំចៃ ក្នុងការប្រើប្រាស់ទឹក ព្រោះខែនេះជាខែក្តៅរីងស្ងួត មិនមែនតែខេត្តពោធិ៍សាត់នោះទេដែលខ្វះទឹកប្រើប្រាស់ គឺកើតមានទូទាំងប្រទេស៕