Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចលនាកីឡាអូឡាំពិក ប្រារព្ធនៅកម្ពុជាលើកដំបូង នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ

20-05-2016 09:35

(ភ្នំពេញ)៖ កម្ពុជានឹងប្រារព្ធចលនាកីឡាអូឡាំពិកជាលើកដំបូង នាព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភា ឆ្នាំ២០១៦ នៅបរិវេណវិទ្យាល័យបាក់ទូក ដើម្បីស្វែងរកក្រុមជើងខ្លាំង ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្តើម យកជ័យលាភីសម្រាប់វិទ្យាល័យ ដែលមានទំហំទឹកប្រាក់សរុប ១០០០០ដុល្លារ ទៅកាន់៤ជ័យលាភី សម្រាប់ប្រើប្រាស់ក្នុងការសាងសង់សាលា ឬការអភិវឌ្ឍន៍បណ្ណាល័យ។

នេះជាកម្មវិធីកីឡាអន្តរជាតិ ដែលបានរៀបចំឡើងនៅជុំវិញពិភពលោក ក្នុងគោលដៅលើកកំពស់សុខភាព និងគុណភាពនៃការរស់នៅ តាមរយៈការលេងកីឡា ដោយផ្ដោតពិសេសលើមនុស្សជំនាន់ក្រោយ ពោលគឺយុវជន និងវ័យជំទង់។

ព្រឹត្តិការណ៍នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ រួមមាន ការប្រកួតកីឡាទូទៅសម្រាប់សាធារណជន ការហាត់ក្បាច់គុណល្បុក្កតោ ការប្រកួតអាវ៉ង់ ការប្រកួតហ្គេមជាក្រុម ការគូរមុខ ការថតរូបកីឡា និង ការប្រកួតសម្រាប់សិស្សវិទ្យាល័យបាក់ទូក លើវិញ្ញាសាបាល់ទាត់ បាល់ទះ រត់ប្រណាំង ចោលដុំដែក លោតចម្ងាយ និងកាយសម្ព័ន្ធ។

អ្នកចូលរួមអាចនឹងមានឱកាសទទួលបានរង្វាន់ សំភារៈកីឡាជាច្រើនដូចជា អាវយឺត មួក កងដៃ ក្រណាត់ជូតញើស ឧបករណ៍កីឡាតាមដានសុខភាព។
 
គោលបំណងសំខាន់ នៃកម្មវិធីគឺចង់បញ្រ្ជៀបទំលាប់ នៃការលេងកីឡាចូលក្នុងជីវភាពប្រចាំថ្ងៃ របស់សិស្សនិស្សិត និងសាធារណជន ស្របពេលដែលការលេងកីឡា ហាក់ត្រូវបានមើលរំលង និងធ្លាក់ចុះជាពិសេស ក្នុងសម័យបច្ចេកវិទ្យាទូរស័ព្ទទំនើប។

សូមសិស្សានុសិស្ស និស្សិត និងសាធារណជនចូលរួមប្រកួត លេងកំសាន្ត និងគាំទ្រចលនាកីឡាអូឡាំពិក ទាំងអស់គ្នាដើម្បីសុខភាព។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគាំទ្រដោយក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា៕