Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សំ លាងទ្រី បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ នៅឃុំត្បែងមួយ ស្រុកសង្គមថ្មី ជាមួយនឹងការអំពាវនាវពលរដ្ឋទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា

03-06-2022 14:24

(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ នៅឃុំត្បែងមួយ ជាមួយនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យឃុំត្បែងមួយកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

នៅក្នុងឱកាសដ៏សែនសប្បាយរីករាយនេះផងដែរ លោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផ្ញើជូនសមាជិក សមាជិកា នៅស្រុកសង្គមថ្មី ពិសេសក្នុងឃុំត្បែងមួយ ដើម្បីទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះជូនគណបក្សប្រជាជនកម្ពុជា។

លោក សំ លាងទ្រី បានថ្លែងលើកឡើងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើពិតៗនិយាយពិតៗ ឥតមានសន្យាទេ ដូចបងប្អូនបានឃើញស្រាប់ហើយ សមិទ្ធិផលនានាជាច្រើននៅស្រុកសង្គមថ្មី មានស្ពានឆ្លងស្ទឹងស្តៅ ពិសេសនៅឃុំត្បែងមួយមានដូចជា ស្ពានក្បាលខ្លា ក្រពើប្រាំ និងខ្លោងទ្វា រូបដំរីធ្វើអំពីថ្មសុទ្ធ នៅវត្តទក្សិណគីរីហៅវត្តសំឡាញជាដើម»។

លោក សំ លាងទ្រី ក៏បានប្រកាសប្រាប់សមាជិក សមាជិកា បក្សនិងប្រជាពលរដ្ឋនៅក្រពើ៥ ក្នុងឃុំត្បែងមួយថា ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥រួច ពេលគណបក្សប្រជាជនកម្ពុជាឃុំត្បែងមួយឈ្នះឆ្នោត លោកនឹងឱ្យក្រុមការងារឈូសឆាយផ្លូវទៅក្រពើប្រាំកាត់ស្ពាន ដោយធានាថាខែវស្សាមិនឱ្យពិបាកធ្វើដំណើរទៀតទេ។ ជាមួយគ្នានេះ លោកនឹងបន្តការកសាងវត្តទក្សិណគីរីហៅសំឡាញតទៅទៀត ដូចជាធ្វើរបង ដាំដើមឈើ បន្ទាប់ពីខ្លោងទ្វារនិងរូបដំរីមួយគូរនៅខ្លោងទ្វារវត្តរួចជាស្ថាពរ៕