អភិបាលរងខណ្ឌដង្កោ ដឹកនាំក្រុមការងារ ចុះចែកអត្តសញ្ញាណប័ណ្ណ និងសំបុត្របញ្ជាក់កំណើត ជូនប្រជាពលរដ្ឋដល់ផ្ទះ
18-05-2016 11:28
(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ តំណាងលោក នុត ពុធដារ៉ា អភិបាលខណ្ឌ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ សង្កាត់ព្រៃវែង ចុះសួរសុខទុក្ខ និងយកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចែកជូន ប្រជាពលរដ្ឋដល់លំនៅដ្ឋាន ក្នុងភូមិរោលជ្រូក និងបានបន្តដឹកនាំមន្ត្រីអត្រានុកូនដ្ឋាន ចុះផ្តល់សំបុត្របញ្ជាក់កំណើតជូនក្មួយៗ កុមារដល់ខ្នងផ្ទះនៅសហគមន៍ ភូមិញញឹម នៃអង្គការភាពញញឹមនៃកុមារ នៅភូមិកំរៀងសង្កាត់ព្រៃវែងផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលរងខណ្ឌ បានសួរនាំស្វែងយល់ពីបញ្ហារស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ដើម្បីងាយស្រួលដោះស្រាយ ឲ្យបានទាន់ពេលវេលា បើសិនមានរឿងអ្វីមួយកើតឡើង។
ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌ ក៏បានផ្តាំផ្ញើប្រជាពលរដ្ឋឲ្យថែសុខភាព ត្រូវហូបទឹកស្អាតទឹកដាំឆ្អិន ហើយបរិភោគអាហារ ដែលមានអនាម័យ ដើម្បីជៀសវាងពីជំងឺផ្សេងៗ៕