លោក ប៉ា សុជាតិវង្ស៖ កាមេរ៉ាសុវត្ថិភាព៦០០គ្រឿង ត្រូវដំឡើងបន្ថែម ខណៈសួនច្បារ ដើមឈើ ក្រុមហ៊ុនឯកជនជាអ្នកថែទាំ
16-05-2016 15:08
(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងដំឡើងកាមេរ៉ាសុវត្ថិភាព ៦០០គ្រឿង នៅទូទាំងរាជធានីភ្នំពេញបន្ថែម ឲ្យបានក្នុងរយៈ៦ខែទៀត។ លើសពីនេះ សួនច្បារជាង៦៩ហិកតានិងដើមឈើចំនួន ៦ម៉ឺនដើម ត្រូវប្រគល់ឲ្យក្រុមហ៊ុនឯកជន ជាអ្នកទទួលខុសត្រូវថែទាំងជំនួសសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស តាមរយៈ Facebook Page ផ្លូវការរបស់លោកបានបញ្ជាក់ទៀតថា ក្រៅពីដាក់ឲ្យសួនច្បារ និងដើមឈើ ក្រុមហ៊ុនឯកជនជាអ្នកថែទាំហើយ អំពូលភ្លើងបំភ្លឺសាធារណៈជាង ១១.០០០អំពូល នឹងត្រូវប្ដូរជាអំពូល LED ទាំងអស់ ហើយការទទួល ខុសត្រូវទទួលថែទាំ ក៏ត្រូវប្ដូរឲ្យក្រុមហ៊ុនឯកជន។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមថា «ការដំឡើង ឬរៀបចំអំពូល ឬសួនច្បារថ្មីពិតជាពិបាក ប៉ុន្តែការថែរក្សា ឬថែទាំ គឺរិតតែពិបាកថែមទៀត។ យើងសង្ឃឹមថា ការគ្រប់គ្រងសួនច្បារសាធារណ: អំពូលភ្លើងបំភ្លឺសាធារណ: សន្តិសុខសុវត្ថិភាព សាធារណ: នឹងបានកាន់តែល្អប្រសើរ បន្ទាប់ពីបានកែសម្រួលយន្តការថ្មី និងដំឡើងកាមេរ៉ាសុវត្ថិភាពជាង៦០០គ្រឿង បន្ថែមទៀតនេះ»៕