Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថ បង្ក្រាបសំបុកការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះសំណាក់ O' Yes ចាប់ខ្លួន១៩នាក់

12-05-2016 09:43

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថជំនាញរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌទួលគោក ខណ្ឌដូនពេញ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន យ៉ាងអនាធិបតេយ្យ នៅផ្ទះសំណាក់ យីហោ «O' Yes» ស្ថិតនៅផ្ទះលេខលេខ១៧ ក្រុម២០ ភូមិ២ ផ្លូវ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថ បានប្រាប់ភ្នាក់ងារ Fresh News ដែលទៅយកព័ត៌មានផ្ទាល់នៅទីនោះថា សម្រាប់ប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យខាងលើនេះ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យចំនួន១៩នាក់ មានស្រី៦នាក់ ដែលជាក្រុមយុវជន នាំគ្នាទៅសម្ងំជក់គ្រឿងញៀនពេញទឹកពេញដី។

ក្រៅពីការចាប់ខ្លួនជនសង្ស័យនោះ កម្លាំងអាវុធហត្ថ ក៏បានដកហូតថ្នាំញៀនមួយចំនួនធំ​ ហើយសមម្ភារសម្រាប់ជក់ និងប្រើប្រាស់ជាច្រើនផងដែរ។

សម្រាប់ ទីតាំផ្ទះសំណាក់ខាងលើ មិនមានអាជ្ញាប័ណ្ណមន្ទីទេសចរណ៍នោះឡើយ ហេតុដូច្នេះហើយ ព្រះរាជអាជ្ញាបានបញ្ជាឲ្យបិទតែម្តង។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ មួយចំនួនរស់នៅក្បែរផ្ទះសំណាក់មួយនេះ បាននិយាយថា មានក្រុមក្មេងស្ទាវ នាំគ្នាចូលដេកទៅជក់គ្រឿងញៀនយ៉ាងពពាក់ពពូន ជាច្រើនលើកមកហើយ តែម្ចាស់ផ្ទះសំណាក់មិនសូវរវីរវល់ទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋ បាននិយាយថា ព្រះរាជអាជ្ញា គួរតែដេញដីកា បញ្ជាឲ្យចាប់ខ្លួនម្ចាស់ផ្ទះសំណាក់ យកទៅផ្តន្ទាទោសតាមច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់មកពីគ្រឿងញៀន ដ៏គ្រោះថ្នាក់នេះ៕