Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ូ វីរៈ កំពុងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងគណបក្សប្រជាជនកម្ពុជា

12-05-2016 09:19

(ភ្នំពេញ)៖ នៅម៉ោង៩៖១៥ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានកំពុងចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញបណ្តឹងបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជា។

សូមជំរាបថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះអញ្ជើញ លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគតកម្ពុជា ឲ្យចូលបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកា អនាគត ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ជាមួយគ្នានេះគណបក្សដ៏ធំជាងគេនៅកម្ពុជា បានទាមទារសំណង ដែលធ្វើប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។

លោក សុខ ឥសាន ក៏បានចូលផ្តល់ចម្លើយ និងភស្តុតាងជូន តុលាការក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ក្នុងនាមដើមបណ្តឹង ជុំវិញការដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានប្រើសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន នៅក្រៅក្របខណ្ឌ ដែលច្បាប់បានកំណត់ ហើយប៉ះពាល់ដល់អ្នកដទៃ។

ការដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ លោក អ៊ូ វីរៈ បានលើកឡើងតាមរយៈ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១៦ ដោយចោទគណបក្សប្រជាជនថា ជាអ្នកនៅពីក្រោយនៃដំណើររឿង លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី៕