Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនបរទេស ប្រកាសគម្រោងវិនិយោគ លើវិស័យអចលនទ្រព្យ នៅទីក្រុងឡុងដ៍ និងឌូបៃ ដល់ប្រជាជនកម្ពុជា

11-05-2016 16:49

(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅប្រទេសអាស៊ី និងអឺរ៉ុបបានសម្តែង ការចាប់អារម្មណ៍ចំពោះទីផ្សារ អចលនទ្រព្យនៅកម្ពុជា និងបានប្រកាសលក់ គម្រោងរបស់ខ្លួន នៅប្រទេសកម្ពុជា ដោយសារតែមើលឃើញថា កម្ពុជា ជាប្រទេសប្រើប្រាស់ ប្រាក់ដុល្លារច្រើន និងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង គួរឲ្យចាប់អារម្មណ៍។

លោក Mike Symondson អគ្គនាយកក្រុមហ៊ុន PINNACLE ALLIANCE ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុង បានថ្លែងក្នុងសន្និសីទសារព៌តមាន ឲ្យដឹងថា ដើម្បីប្រកាសលក់គម្រោង អចលនទ្រព្យរបស់ខ្លួន នៅទីក្រុងឡុងដ៏ និងទីក្រុងឌូបៃថា នៅក្នុងទីក្រុងភ្នំពេញនៅពេលនេះ ព្រោះនីកម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាការផ្លាស់ប្តូរមួយ ដែលលោកមិននឹងស្មានដល់។

លោកបន្តថា ក្រុមហ៊ុនរបស់លោក បាន​និងកំពុងធ្វើការវិនិយោគ វិស័យអចលនទ្រព្យ ជាច្រើនពាន់យូនីត នៅប្រទេសអង់គ្លេស ដែលមានទីតាំង នៅទីក្រុងសំខាន់ៗ ដូចជា ទីក្រុងឡុងដ៏ ទីក្រុងម៉េសឆេស័្ទរ និងទីក្រុងមួយចំនួនទៀត។ លើសពីនេះ ក្រុមហ៊ុនក៏មានគំរោង វិនិយោគអចលនទ្រព្យ នៅក្បែរអាគារខ្ពស់ជាងគេ លើពិភពលោក នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

លោកបន្តថា ការវិនិយោគ លើអចលនទ្រព្យ នៅប្រទេសទាំងនោះ មានអត្រាចំណេញខ្ពស់ ប៉ុន្តែមានរយៈពេលកំណត់ត្រឹម៣​ទៅ៥ឆ្នាំប៉ុណ្ណោះ សម្រាប់ចក្រភពអង់គ្លេស ប៉ុន្តែអ្នកវិនិយោគ មិនអាចទៅរស់នៅប្រទេសទាំងនោះទេ គឺពួកគេអាចទិញ ដើម្បីដាក់ជួល ក្នុងរយៈពេលបីឆ្នាំ សម្រាប់កំឡុងពេលដែលអតិថិជន ឬអ្នកវិនិយោគចុះកិច្ចសន្យា ដើម្បីវិនិយោគ។

គួរបញ្ជាក់ថា  ក្រុមហ៊ុន PINNACLE ALLIANCE បានប្រកាសសហការ ជាមួយក្រុមហ៊ុន IVANNA INVESTMENT Co, Ltd ដើម្បីធ្វើការរួមគ្នា ក្នុងការស្វែងរកទីផ្សារ និងរៀបចំលិខិត បទដ្ឋានគតិយុត្តនានា ដើម្បីជួយអ្នកវិនិយោគ អាចវិនិយោគវិស័យអចលទ្រព្យ នៅប្រទេសទាំងនោះផងដែរ៕