ប្រជាពលរដ្ឋរស់នៅភូមិរកាកណ្ដាល២ ខេត្តក្រចេះ ព្រួយបារម្មណ៍កាបូមខ្សាច់ បណ្ដាលឱ្យបាក់ច្រាំងទន្លេ
09-05-2016 16:29
(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅភូមិរការកណ្ដាល២ ព្រួយបារម្មណ៍ចំពោះទីតាំងអាជីវកម្មបូមខ្សាច់ បណ្ដាលឱ្យបាក់ច្រាំងទន្លេ នៅពេលខាងមុខ ហើយពួកគាត់បារម្ភខ្លាចបាក់ដី និងប៉ះពាល់ដល់ភូមិដែលមានលំនៅឋានរស់នៅតាមដងទន្លេ ទីតាំងបូមខ្សាច់នេះ ស្ថិតនៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រជាពលរដ្ឋមូលដ្ឋានបានឱ្យដឹងថា អាជីវកម្មបូមខ្សាច់នោះមានម្ចាស់ ឈ្មោះ មៀច ម៉ុចរស់ មានលំនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ អាជីវកម្មបូមខ្សាច់នេះធ្វើឡើងជាយូមកហើយ ដោយបូមខ្សាច់គៀក និងច្រាំងទន្លេតែម្ដង។
ប្រជាពលរដ្ឋបានបន្ដថា ការបូមគៀក និងច្រាំងទន្លេបែបនេះអាចបណ្ដាលឱ្យបាក់ច្រាំងទន្លេ ជាងនេះទៅទៀតអាជីកម្មបូមខ្សាច់នេះ ធ្វើឡើងខុសពីទីតាំងដែលអាជ្ញាធរ បានកំណត់ឱ្យបូម ចំណែកទីតាំងដែលអាជ្ញាធរដែលនោះគឺ នៅកន្ទុយកោះទ្រុង។
មន្រ្តីមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ Fresh Newsថា អាជីវកម្មបូមខ្សាច់របស់ លោក មៀច ម៉ុច នេះពិតជាមាន ច្បាប់អនុញ្ញាតអោយបូមត្រឹមត្រូវមែនតែ បើធ្វើការបូមខុសទីតាំងនោះ គឺខុសបច្ចេកទេសដែលច្បាប់អនុញ្ញាតហើយ។
ប្រជាពលរដ្ឋសូមសំណុំពរដល់អាជ្ញាធរក៏ដូចជា មន្ទីរជំនាញមេត្តាចុះមកត្រួតពិនិត្យមើលទីតាំងបូមខ្សាច់នេះផងថា ខុសបច្ចេកទេស បែបណានោះអាស្រ័យលើមន្ទីរជំនាញជាអ្នកវិនិច្ឆ័យ៕