ក្រសួងរ៉ែ និងថាមពល បើកកិច្ចពិភាក្សាលើរបាយការណ៍ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥
28-04-2016 14:09
(ភ្នំពេញ)៖ លោក សុខា ខាវ៉ាន់ រដ្ឋលេខាធិការតំណាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ ស្តីពីការត្រួតពិនិត្យ និង វាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥ នៃការអនុវត្តយុទ្ធសាស្រ្តរួមរបស់អឺរ៉ុប ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០១៤-២០១៨ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងកិច្ចប្រជុំនេះ បានកំណត់ពីវិស័យជាអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា របស់អឺរ៉ុប រួមមាន៖
១.ការអភិវឌ្ឍសង្គម៖ អប់រំ និង សុខភាព
២.ការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាព និងសមធម៌
៣.ហេដ្ឋារចនាសម្ព័ន្ធ៖ ការតបណ្តាញបញ្ជូននិងចែកចាយអគ្គិសនី ការផ្គត់ផ្គង់ទឹក ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងកាកសំណល់ អនាម័យ និងប្រព័ន្ធលូ
៤.អភិបាលកិច្ច និងបញ្ហាអន្តរវិស័យ។ លើសពីនេះទៅទៀតអង្គប្រជុំបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ការអនុវត្តយុទ្ធសាស្ត្ររួមនេះ មានវឌ្ឍនភាពក្នុងគន្លងត្រឹមត្រូវ និងឆ្ពោះទៅមុខ៕