លោក Donald Trump យកឈ្នះបេក្ខជនប្រធានាធិបតី ក្នុងរដ្ឋចំនួនប្រាំបន្ថែមទៀត នៅភាគឦសាន
27-04-2016 09:38
(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិកដែលកំពុងនាំមុខ ក្នុងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំភ៍ (Donald Trump) បានយកឈ្នះនៅបណ្តារដ្ឋចំនួនប្រាំបន្ថែមទៀតហើយ នៅភាគឦសានសហរដ្ឋអាមេរិក ដែលនាំឲ្យបេក្ខជនក្នុងគណបក្សដូចគ្នាផ្សេងៗទៀត ហាក់កាន់ តែអស់សង្ឃឹម។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។
ភ្លាមៗបន្ទាប់ពីការបោះឆ្នោត ត្រូវបានបិទបញ្ចប់កាលពីវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ ពេលវេលានៅភាគខាងកើតអាមេរិក លោក ត្រាំភ៍ ត្រូវបានគេប្រកាសថាបានឈ្នះនៅរដ្ឋ Maryland, Connectcut, Delaware, Rhode Island, និង រដ្ឋ Pennsylvania ដែលមាន ប្រជាជនរស់នៅច្រើនកកកុញ។
គួរបញ្ជាក់ថា លោក Ted Cruz និង John Kasich កាលពីថ្ងៃអាទិត្យ មុនការប្រកួតពីរថ្ងៃ បានធ្វើប្រកាសរួបរួមគ្នាដើម្បីប្រកួតប្រជែងនឹងលោក ត្រាំភ៍ ប៉ុន្តែពួកគេនៅតែមិនបានទទួល ជោគជ័យនោះឡើយ។ លោកត្រាំភ៍ ក៏បានហៅការរួមសម្ព័ន្ធគ្នារវាងលោក Cruz និង Kasich នោះថា ជាការដែលធ្វើឲ្យអ្នកទាំងពីរមើលទៅកាន់តែខ្សោយ ហើយបើឈាននៅការប្រកួតក្រោយ ទៀតពួកគេនឹងនៅតែចាញ់៕