Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនជិត២០០គីឡូក្រាម នៅខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ

04-01-2022 12:35

(ភ្នំពេញ)៖ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ នៅ៣គោលដៅ ដោយឃាត់ខ្លួនជនជាតិ វៀតណាម ម្នាក់។

លោក សាន សុខសីហា អ្នកនាំពាក្យស្ន ងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងទាំង៣គោលដៅនេះ រួមមាន៖

*គោលដៅទី១៖ នៅចំណុច ខុនដូ ជាន់ទី ៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានឃាត់មនុស្សម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន០១គ្រឿង។

*គោលដៅទី២៖ នៅចំណុច ខុនដូ រិស៊ីដែន១០៥ ជាន់ទី ៣ បន្ទប់R៣០១ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

*គោលដៅទី៣៖ នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយដកហូតគ្រឿងញៀនជាង១៣០Kg។

ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕