សម្តេច ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភ២លានរៀល ដល់មន្ត្រីនគរបាលចរាចរណ៍ ដែលភ្លើងឆេះផ្ទះ
23-04-2016 21:03
(ភ្នំពេញ)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់ លោក ហេង ខុម ជាមន្រ្តីនគរបាល ផ្នែកបញ្ជាចរាចរណ៍ នៃការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដែលផ្ទះរបស់លោក ត្រូវបានភ្លើងឆេះបំផ្លាញគ្មានសល់ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះ លោកនឹងនាំយកនូវថវិកាចំនួន២លានរៀល ដែលជាថវិការបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ១លានរៀល និង នាយឧត្តមសេនីយ៍ នេត សាវឿន ១លានរៀលដែរ ទៅប្រគល់ជូន លោក ហេង ខុម ដើម្បីដោះស្រាយជីវភាព។
សូមជម្រាបថា នៅព្រឹកមិញ លោក ហេង ខុម បានទទួលថវិកា ចំនួន១លានរៀល ពីថ្នាក់ដឹកនាំអង្គភាព និងមិត្តនគរបាលរួមអាជីព ដើម្បីយកទៅប្រើប្រាស់ និងការចំណាយផ្សេងៗប្រចាំថ្ងៃ។
កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយហេតុការណ៍នេះ ភ្លើងបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ៥៥ខ្នង ក្នុងនោះក៏មានផ្ទះរបស់លោក ហេង ខុម ផងដែរ។
បន្ទាប់មក ក្រៅពីការទទួលអំណោយសប្បុរសធម៌ ពីថ្នាក់ដឹកនាំ ការិយាល័យជាម្ចាស់អង្គភាព ក៏បាននាំយកថវិកា ចំនួន១លានរៀលបន្ថែម ជួនគាត់ និងក្រុមគ្រួសារ ហើយជាមួយគ្នានេះ សម្រាប់បុណ្យស័ក្តិទៀតសោត នាយឧត្តមសេនីយ៍ស្នងការ បានម្រេចដំឡើងស័ក្តិ របស់លោកមួយទៀត គឺថ្នាក់អនុសេនីយ៍ទោ៕