Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសាធារណការ៖ រង្វង់មូលទួលគោកសម្រេចលុបចោល, រង្វង់មូល២ទៀត កំពុងសិក្សាដកចេញ ដើម្បីសម្រួលចរាចរណ៍

21-04-2016 19:48

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងកែប្រែរង្វង់មូលចំនួន៣ នៅក្នុងរាជធានីភ្នំពេញ ទៅជាភ្លើងស្តុបវិញ ដើម្បីបន្ថយនូវភាព កកស្ទះចរាចរណ៍ នេះបើតាមការប្រកាសនៅលើទំព័រ Facebook របស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ។

អភិបាលរាជធានីភ្នំពេញ បានសរសេរថា «ព្រឹកមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ផ្តោតលើកិច្ចការសំខាន់ៗ ៤ចំណុចដូចខាងក្រោម៖ ១-រៀបចំផ្លាស់ប្តូរ និងដាក់ដំឡើងភ្លើងស្តុបស្វ័យប្រវត្តិថ្មីចំនួន ១០០ទីតាំងបន្ថែម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយើង ដើម្បីកាត់បន្ថយនូវបញ្ហាកកស្ទះចរាចរណ៍ ហើយកិច្ចការនេះ យើងនឹងសម្រេចឱ្យបានទាំងស្រុង នាខែមីនា ឆ្នាំ២០១៧។ ជាពិសេសត្រូវសិក្សា ជាបន្ទាន់នូវការកែប្រែរង្វង់មូល៣ ឱ្យទៅជាភ្លើងស្តុបវិញ ដូចជារង្វង់មូលទួលគោក រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី»

បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ឱ្យដឹងនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះថា ចំពោះគម្រោងខាងលើភាគីពាក់ព័ន្ធ បានសម្រេចរួចហើយថា នឹងលុបចោលរង្វង់មូលទួលគោក ហើយចំណែកគម្រោងលុបរង្វង់មូល២ផ្សេងទៀត រួមមាន រង្វង់មូលចោមចៅ និងរង្វង់មូលកាំកូស៊ីធី គឺកំពុងសិក្សានៅឡើយ ដែលលទ្ធផល នឹងបង្ហាញជូននៅសប្តាហ៍ក្រោយ៕