Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: កម្ពុជារកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរអាយុ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការ នៅប្រទេសហ្គាណា (Video inside)

14-12-2021 23:10

(ភ្នំពេញ)៖ កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសហ្គាណា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកកម្ពុជា។

ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕