Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រហូតមកដល់ម៉ោង៨៖២០នាទីព្រឹកនេះ អ្នករស់នៅតាមបណ្តាយផ្លូវ២១៧ (ផ្លូវចំការដូង) នៅតែមិនទាន់មានទឹកប្រើប្រាស់

19-04-2016 08:19

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តាយផ្លូវ២១៧ ឬផ្លូវចំការដូង នៅតែមិនទាន់មានទឹកប្រើប្រាស់នៅឡើយទេ គិតមកដល់ម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ពោលគឺចាប់តាំងពីម៉ោងប្រមាណ៣៖០០នាទីរសៀល​ ថ្ងៃទី១៨ ខែមេសាម្សិលមិញមកម្ល៉េះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី លឹម ឈាងហោ កំពុងតែអត់ទឹកប្រើប្រាស់បានរិះគន់យ៉ាងខ្លាំង ចំពោះចំណាក់ការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមិនបានយកចិត្តទុកដាក់ ក្នុងការដោះស្រាយ ហើយថា និយាយឲ្យតែរួចពីមាត់ ដោយយប់មិញនៅម៉ោង ៨៖០០នាទីយប់ប្រាប់ថា ២ឬ ៣ម៉ោងទៀត មានទឹកប្រើប្រាស់វិញ ប៉ុន្តែរហូតមដល់ព្រឹកថ្ងៃទី១៩ ខែមេសា ទៅហើយនៅតែមិនទាន់មានទឹកទៀត។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏បានរិះគន់ទៀតថា ថ្នាក់ដឹកនាំនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហាក់ដូចជាមិនសូវគិតគូរ ពីការផ្តល់សេវាដល់ប្រជាជនសោះ ព្រោះពេលដាច់ទឹក មិនបានជូនដំណឹងជាមុន ដើម្បីឲ្យប្រជាពលរដ្ឋ គាត់បានត្រៀមទឹកទុកជាមុន។

សូមជម្រាបថា ប្រជាពលរដ្ឋតាមបណ្តោយផ្លូវ២១៧ ឬហៅថាផ្លូវចំការដូង ចាប់ពីចំណុចបុរី លឹម ឈាងហោ ចំការដូង រហូតដល់រោងចក្រស្រាបៀរកម្ពុជា ចាប់តាំងពីម៉ោងប្រមាណជា ៣រសៀលរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមេសានេះ គ្មានទឹកប្រើប្រាស់នោះឡើយ ដោយប្រជាពលរដ្ឋខ្លះ ត្រូវចំណាយលុយទិញទឹកបរិសុទ្ធ ដើម្បីឲ្យកូនងូត និងប្រើប្រាស់ក្នុងផ្ទះជាបណ្តោះអាសន្ន។

មន្ត្រីរដ្ឋាករទឹកមួយរូបបានឲ្យដឹងថា មូលហេតុដែលនាំឲ្យដាក់ទឹកប្រើប្រាស់នេះ ក៏ដោយសារតែរដ្ឋាករទឹក បានផ្លាស់ប្តូរបំពង់បញ្ជូនទឹកថ្មីដែលមានទំហំ ៥០សង់ទីម៉ែត្រ ដូច្នេះដើម្បីឲ្យប្រើប្រាស់បណ្តាញបង្ហូរទឹកថ្មី នេះបាន ត្រូវធ្វើការបង្ហូរទឹកលាងសម្អាត ឲ្យបានស្អាតល្អ ហើយការងារលាងសម្អាតនេះ ទើបតែបញ្ចប់នៅល្ងាចថ្ងៃទី១៨ ខែមេសានេះ និងកំពុងបង្ហូរទឹកចូលក្នុងបំពេញនោះវិញ។ ដូច្នេះទឹកដែលហូរចូលបំពង បណ្តាញថ្មីនោះមិនទាន់ពេញ ទើបបណ្តាលឲ្យបងប្អូននៅតំបន់នោះ គ្មានទឹកប្រើប្រាស់យ៉ាងនេះ។

មន្ត្រីរដ្ឋាករទឹកដដែលបញ្ជាក់ទៀតថា រដ្ឋាករទឹករាជធានីភ្នំពេញ សូមអធ្យាស្រ័យចំពោះការមិនបានជូនដំណឹងមុន ពីការដាក់ទឹកនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅយប់មិញ លោកអភិបាលខណ្ឌដង្កោ នុត ពុធដារ៉ា បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងនៃការដាច់ទឹកនេះ លោកបានទូរស័ព្ទជំរុញឲ្យមន្ត្រីរដ្ឋាករទឹក ពន្លឿនការតភ្ជាប់ទឹក ឲ្យបានលឿន ដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ឡើងវិញ៕