អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអេក្វាទ័រ បានកើនដល់៤១៣នាក់ សហភាពអឺរ៉ុបផ្តល់១លានដុល្លារ សម្រាប់ជួយសង្គ្រោះ
19-04-2016 07:54
(អេក្វាទ័រ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់៤១៣នាក់ ដោយក្នុងនោះក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត ព្រោះមានអ្នករបួសធ្ងន់ជាច្រើននាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយ Update នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រទេសជាច្រើនរួមមាន៖ ម៉ិចស៊ីកូ អេស្បាញ កូឡំប៊ី ឈីលី វេណេស៊ូអេឡា ពេរ៉ូ បានបញ្ជូនកងទ័ពជាច្រើនទៅធ្វើការជួយសង្គ្រោះ។ ចំណែកសហភាពអឺរ៉ុបបានលើកឡើងថា នឹងផ្តល់ប្រាក់១លានដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រទេសអេក្វាទ័រ។
គួរបញ្ជាក់ផងដែរថា កងទ័ព និងកងកម្លាំងប៉ូលិសសរុប១៤,០០០នាក់ ត្រូវបានដាក់ពង្រាយ ទៅតំបន់នានាដែលបានទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះនៅប្រទេសអេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិកដែរនោះ។ បច្ចុប្បន្នខេត្តចំនួន០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្សជាង២៥០០នាក់ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕