ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកុំឲ្យដំឡើងថ្លៃលើមធ្យោបាយដឹកជញ្ជូន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
14-04-2016 09:36
(សៀមរាប)៖ ការថ្លែងក្នុងឱកាស បើកព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ នៅតំបន់អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត បានបន្តអំពាវនាវឲ្យគ្រប់មធ្យាយបាយធ្វើដំណើរទាំងអស់ រួមមានរថយន្តឈ្មួល រថយន្តក្រុង តាក់ស៊ីជាដើម កុំឲ្យដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តអំពាវនាវឲ្យរថយន្តឈ្មួលទាំងឡាយ ទាំងរថយន្តឈ្មួលធំៗ និងតាក់ស៊ី មេត្តាកុំដំឡើងថ្លៃ។ ពិតមែនហើយ មានអ្នកដំឡើង និងមានអ្នកមិនដំឡើង រឿងចុះគ្មានទេ ក៏ប៉ុន្តែបើទោះបីស្តាប់ ឬមិនស្តាប់ តែក្នុងកាតព្វកិច្ច ក្នុងឋានៈជាអ្នកដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ ព្រះករុណាខ្ញុំ នៅតែទទូច អំពាវនាវចំពោះ អ្នករកស៊ីខាងដឹកជញ្ជូន មេត្តាកុំដំឡើងថ្លៃ ទាំងប្រជាជនមក និងប្រជាជនត្រឡប់ទៅវិញ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា តាមរយៈសន្តិភាព ប្រជាជនកម្ពុជាបានអភិវឌ្ឍន៍ខ្លួនឯងជាបន្តបន្ទាប់ តាំងពីគ្មានកង់ជិះ គ្មានស្បែកជើងពាក់ រហូតបច្ចុប្បន្នប្រជាពលរដ្ឋ មានមធ្យោបាយដឹកជញ្ជូនដោយខ្លួនឯងយ៉ាងច្រើន ដែលនេះបង្ហាញឲ្យឃើញថា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ មានការកើនឡើង មានលទ្ធភាពទិញមធ្យោបាយដឹកជញ្ជូនបាន៕