Update: គ្រោះរញ្ជួយដីវាយប្រហារប្រទេសភូមាកំរិត ៧.០រិចទ័រ និងមានជម្រៅ១៣៥គីឡូម៉ែត្រ
14-04-2016 01:49
(ភូមា)៖ នេះបើយោងតាមក្រុមភូមិសាស្រ្ត USGS របស់សហរដ្ឋអាមេរិកបានបង្ហាញថា នៅរាត្រីថ្ងៃពុធ គ្រោះរញ្ជួយដីកំរិត ៧.០រិចទ័រ បានវាយប្រហារទៅ លើប្រទេសភូមា មានជម្រៅរហូតដល់១៣៥គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ២៤៦គីឡូម៉ត្រ ពីរាជធានី ណៃពីដោ របស់ភូមា ព្រមទាំងបង្កឲ្យមានអ្នករងរបួសជាច្រើន នេះបើតាមការព័ត៌មាន BBC ចេញផ្សាយ Update នៅរាត្រីនេះ។
ភ្នាក់ងារព័ត៌មាន Reuters ម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍រញ្ជួយដី បាននិយាយថា រូបគាត់បានឃើញអាគាររង្គើលចំនួនប្រមាណ២នាទី ហើយប្រជាជនជាច្រើនណាស់ បាននាំគ្នារត់ចេញមកក្រៅ ដើម្បីសុវត្ថិភាព។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅភាគខាងត្បូង ចំងាយប្រមាណ៧៤គីឡូម៉ែត្រ នៃទីក្រុង Mawlaik មានភាពរញ្ជួយខ្លះទៅដល់ប្រទស បង់ក្លាដេស និងឥណ្ឌា។ ចំណែកសារព័ត៌មាន ស៊ិនហួរបានរាយការណ៍ថា មានភាពរញ្ជួយទៅ ដល់តំបន់ទីបេផងដែរ។
រដ្ឋាភិបាលភូមា មិនទាន់រាយការណ៍ព័ត៌មាននៃអ្នករងរបួស និងការខូចខាតនៅឡើយនោះទេ៕