Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ អនុញ្ញាតឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទ បើកដំណើរការឡើងវិញ

12-10-2021 12:15

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងទាំងអស់ បើកដំណើរការឡើងវិញហើយ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ មានការថមថយមួយកម្រិត។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងឡើងវិញនេះ ធ្វើឡើងទៅតាមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប៉ុន្តែទោះជាយ៉ាងនេះក្តី ដើម្បីអាចទទួលបានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ គ្រឹះស្ថាន អ.ប.វ. ត្រូវអនុវត្តដូចខាងក្រោម៖

១៖ ដាក់ពាក្យស្នើសុំបើកដំណើរការឡើងវិញមកគណៈកម្មការគ្រប់គ្រង និងវាយតម្លៃការបើកគ្រឹះស្ថាន អ.ប.វ. ឡើងវិញ ដើម្បីពិនិត្យវាយតម្លៃក្នុងការផ្តល់ការអនុញ្ញាតបើកឡើងវិញ។

២៖ ចុះកិច្ចសន្យាជាមួយក្រសួង ធានាថានឹងអនុវត្តឱ្យបាននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ ដំណើរការគ្រឹះស្ថាន អ.ប.វ. ឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

៣៖ បង្កើតក្រុមការងារបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ប្រចាំគ្រឹះស្ថាន អ.ប.វ.។

៤៖ ចាត់តាំងជនបង្គោលចំនួន ២នាក់ ទទួលបន្ទុកការងារទទួលខុសត្រូវ លើការងារទំនាក់ទំនង និងផ្តល់ព័ត៌មាន។

៥៖ ចាត់តាំងបុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យការពាក់ម៉ាស់ វាស់កម្តៅ បាញ់ទឹកអាល់ កុល ឬជែលអាល់កុល។

៦៖ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ចំពោះបុគ្គលិក មន្រ្តីរាជការ សាស្រ្តាចារ្យ គ្រូបច្ចេកទេស និងសិក្ខាកាម សិស្ស និស្សិត ដែលមានរោគសញ្ញាសង្ស័យ មុនបើកដំណើរការគ្រឹះស្ថាន អ.ប.វ. ឡើងវិញ។

៧៖ រៀបចំ បិទផ្សាយរូបភាពអំពី វិធានការ “៣ការពារ” និង “៣កុំ” និងវិធានការសំខាន់ៗរបស់ក្រសួង សុខាភិបាល។

៨៖ ផ្តល់ស្ថិតិបុគ្គលិក មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូបច្ចេកទេស សិក្ខាកាម សិស្ស និស្សិត កំពុងបម្រើការងារ ស្នាក់នៅ និងសិក្សា។

៩៖ ផ្តល់ស្ថិតិបុគ្គលិក មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូបច្ចេកទេស សិក្ខាកាម សិស្ស និស្សិត បានទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

១០៖ ផ្តល់របាយការណ៍ស្វ័យវាយតម្លៃការរៀបចំអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ ដំណើរការគ្រឹះស្ថាន អ.ប.វ. ឡើងវិញ មកគណៈកម្មការគ្រប់គ្រង និងវាយតម្លៃការបើកគ្រឹះស្ថាន អ.ប.វ. ឡើងវិញ មុនពេលបើកដំណើរការ៕