Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា៥លានរៀនជូនចៅសង្កាត់ផ្សារថ្មី១ ដែលមានជំងឺធ្ងន់ធ្ងរ ដើម្បីរំលែកការលំបាកក្នុងការព្យាបាល

09-10-2021 20:08

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ជូនដល់លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មី១ ដែលមានជំងឺធ្ងន់ធ្ងរ ហើយកំពុងសម្រាកនៅគេហដ្ឋាន ដើម្បីរំលែកការលំបាក ក៏ដូចជាការចំណាយក្នុងការព្យាបាលជំងឺផងដែរ។

ថវិកានេះត្រូវបានលោក ហុក ហួរលីម ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកទៅប្រគល់ជូនលោកស្រីចៅសង្កាត់ ស៊ី តូន នៅគេហដ្ឋានតែម្ដងដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២១នេះ។

លោក ហុក ហួរលីម បានលើកឡើងថា លោកអភិបាលរាជធានី ឃួង ស្រេង មិនថា មន្ត្រីក្រោមឱវាទ ឬប្រជាពលរដ្ឋទូទៅទេ ឱ្យតែជួបការលំបាក និងមានទុក្ខព្រួយ លោកតែងតែចុះជួយ ឬចាត់តំណាងចុះទៅសួរសុខទុក្ខ និងជួយសម្រាលការលំបាកជានិច្ច។ ជាក់ស្តែងនៅពេលនេះ ខណៈលោកអភិបាលរាជធានីទទួលបានសេចក្តីរាយការណ៍ពីលោក សុខ ពេញវុធ ភ្លាមថា លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ មានជំងឺធ្ងន់ធ្ងរ លោកអភិបាលរាជធានីភ្នំពេញ ក៏បាននាំយកថវិកាមកប្រគល់ជូនតែម្តង ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺរបស់លោកស្រី។

លោក ហុក ហួរលីម បានជូនពរឱ្យលោកស្រី ស៊ី តូន បានឆាប់ជាសះស្បើយពីជំងឺ ដើម្បីអាចទៅបំពេញការងារជាចៅសង្កាត់ បម្រើប្រជាពលរដ្ឋបន្តទៀត។ លោកបន្តថា លោកស្រីចៅសង្កាត់ផ្សារថ្មីទី១ គឺជាអតីតនារីដ៏ឆ្នើមមួយរូបដែលសម្ដេច ជា ស៊ីម បានដាក់រហស្សនាមឲ្យ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារ និងកូនចៅ បានឲ្យដឹងថា លោកស្រី ស៊ី តូន បានកើតជំងឺម្យ៉ាង ដែលគ្រូពេទ្យហៅឈ្មោះថា ជំងឺចាក់កូ។ ជំងឺនេះវាធ្វើឱ្យប្រព័ន្ធខួរក្បាលស្រឹមៗទៅភ្លេចការចងចាំ ប៉ុន្តែវាមិនបង្កឱ្យមានការឈឺចាប់នោះទេ។ ជំងឺចាក់កូ ជាជំងឺម្យ៉ាងដែលកម្រនឹងកើតមានណាស់ ពោលគឺក្នុងចំណោមមនុស្ស ២លាននាក់លើលោក សឹងមិនទាន់កើតម្នាក់ផង តែបែរជាមកកើតលើលោកស្រី ស៊ី តូន ទៅវិញ៕