Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ និងមន្ទីរសង្គមកិច្ចរាជធានី ឧបត្ថម្ភអំណោយដល់ចាស់ៗងាយរងគ្រោះ

09-10-2021 19:39

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចាស់ៗជរាងាយរងគ្រោះ២៤នាក់ តំណាងឱ្យ២៤គ្រួសារ ដែលមកពីតាមបណ្ដារសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរផងដែរ ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ ជាមួយមន្ត្រីក្រោមឱវាទ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ព្រមទាំងសហការី។

ការថ្លែងអំណរគុណ និងជូនពរនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ រវាងថ្នាក់ដឹកនាំខណ្ឌឫស្សីកែវ និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋ ចាស់ៗជរាងាយរងគ្រោះ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ «ចូលរួមគាំទ្រសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានជុំរុញបន្ថែមទៀត ដល់លោកយាយៗ ចាស់ៗជរាងាយរងគ្រោះឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរតាមរយៈការយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ផងដែរ ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ព្រោះកូវីដ១៩ មិនងាយបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា បន្ទាប់ពីឧបត្ថម្ភអំណោយរបស់លោក ឃួង ស្រេង តាមរយៈមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ រួមនិងអំណោយរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ជូនដល់ប្រជាពលរដ្ឋ ចាស់ៗជរាងាយរងគ្រោះ ដោយក្នុង១គ្រួសារទទួលបាន រួមមាន៖ ទឹកដោះគោឆៅ១យួរ, អង្ករ ២៥គីឡូក្រាម, ស្ករស១គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ក្រមា១ និងថវិកាចំនួន ៥០,០០០រៀល ស្មើៗគ្នា៕