Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យការបរទេស៖ ៦ខែឆ្នាំនេះ ស្ត្រីរងគ្រោះ ២៣០នាក់ ត្រូវបានសង្គ្រោះពីចិន

27-08-2021 14:47

(ភ្នំពេញ)៖ លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ ស្ត្រីរងគ្រោះរបស់កម្ពុជា ដែលចាញ់បោកតាមរយៈអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច មានចំនួន ២៣០នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសចិន។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «រយៈពេល៦ខែ ដើមឆ្នាំនេះ (ចាប់មករា-មិថុនា) ស្ត្រីដែលបានជួយសង្គ្រោះពីប្រទេសចិន សរុបចំនួន ២៣០នាក់»

បើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បាន ១៩៨ករណី។ ចំនួនបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ទាំង១៩៨ករណីនេះ គឺកើនឡើង១៣៥ករណី បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានត្រឹមតែ ៦៣ករណី។

លោកស្រីបន្តថា ក្នុងការបង្ក្រាបទាំងអស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក៏ឃាត់ខ្លួនជនសង្ស័យបាន ២៩១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៧២១នាក់។ លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា ក្នុងការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ទាំង១៩៨ករណីនេះដែរ មានករណីជួញដូរមនុស្សបែបកម្លាំងពលកម្ម ១៣៩ករណី ដែលឃាត់ខ្លួនបានជនសង្ស័យ ២៣១នាក់ និងការធ្វើអាជីវកម្មផ្លូវភេទ ៥៩ករណី ដែលឃាត់ខ្លួនជនសង្ស័យបាន ៦០នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គមមនុស្សជាតិ៕