Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតអនុប្រធានប្រតិបត្តិនៃអតីត CNRP ខេត្តប៉ៃលិន ប្រកាសចូលរួមជាមួយ CPP ក្រោយពីលោក មុត ចន្ថា ទម្លាយអាថ៌កំបាំងថា សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ

24-08-2021 17:06

(ភ្នំពេញ)៖ លោក ឃិន ប៉ុន អតីតអនុប្រធានប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន បានប្រកាសសុំចូលបម្រើគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

លិខិតរបស់លោក ឃិន ប៉ុន បានបញ្ជាក់ថា «បន្ទាប់ពីបានឃើញអាថ៌កំបាំងស៉ីជម្រៅ ១២ចំណុច ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដែលបង្ហាញពីល្បិចកលទុច្ចរិត បំផ្លិចបំផ្លាញនិងបំបែកបំបាក់សាមគ្គីភាពជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា ទើបលោក ឃិន ប៉ុន ដែលជាអតីតអនុប្រធានប្រតិបត្តិ នៃអតីតគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន បានប្រកាសសុំចូលរួមរស់ និងបម្រើគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយទឹកចិត្តសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន»

សូមជម្រាបថា លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានចេញមុខទម្លាយអាថ៌កំបាំងស៉ីជម្រៅ ចំនួន១២ចំណុចច្បាស់ៗ ដែលបញ្ជាក់ថា «សម រង្ស៉ី និង កឹម សុខា មិនមែនជាមនុស្សតែមួយ»។ ការបង្ហាញហេតុផលនេះបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានព្យាយាមទាញលោក កឹម សុខា ឱ្យពាក់ព័ន្ធទៅនឹងផែនការខ្លួនជាបន្តបន្ទាប់ ដោយបានប្រើប្រាស់ភាសាថា «សម រង្ស៉ី និង កឹម សុខា ជាមនុស្សតែមួយ»