Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីខ្មែរ ៤នាក់ ដែលវៀតណាមចាប់ខ្លួនពាក់ព័ន្ធការជួញដូមាស មិនទាន់ដោះលែងនោះទេ ទោះមានសំណើពីអាជ្ញាធរខ្មែរក៏ដោយនោះ

29-03-2016 12:02

(តាកែវ)៖ ស្រ្តីខ្មែរ ៤នាក់ ជាកូនប្រពន្ធអ្នកមានមុខមាត់ក្នុងខេត្តតាកែវ ដែលសមត្ថកិច្ចវៀតណាម ចាប់ខ្លួនដោយចោទប្រកាន់ពីបទជួញដូមាស យកទៅលក់នៅប្រទេសវៀតណាម មិនទាន់មានការដោះលែងមកប្រទេសកម្ពុជាវិញនៅឡើយនោះទេ បើទោះបីមានការ អន្តរាគមន៍ពីអាជ្ញាធរខេត្តតាកែវ ក៏ដោយនោះ ដោយភាគីវៀតណាម សុំពេលពិនិត្យរបាយការណ៍ និងពិភាក្សាគ្នាជាមុនសិន។

ស្រ្តីខ្មែរទាំង ៤នាក់នេះ ត្រូវបានចាប់ខ្លួននៅចំណុចច្រកទ្វារទឹកងកំពង់ក្រសាំង-យានដុង ស្រុកអាងភូ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦។

លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានប្រាប់ Fresh Newsថា ការឃាត់ស្រ្តីខ្មែរទាំង ៤នាក់នេះ គឺអាជ្ញាធរវៀតណាម បានធ្វើការឆែកឆេររកឃើញគ្រឿងអលង្ការមួយចំនួន និងប្រាក់ដុងចំនួន ១ពាន់លានដុង។

លោក យស់ ណាស៊ី បានឲ្យដឹងទៀតថា បន្ទាប់ទទួលបានព័ត៌មានឃាត់ខ្លួនស្រ្តីខ្មែរទាំង ៤នាក់នេះ អាជ្ញាធខេត្តតាកែវ បានធ្វើលិខិតអន្តរាគមន៍ ដោយស្នើទៅអភិបាលខេត្តអាងយ៉ាង ឲ្យជួយដោះលែងស្រ្តីខ្មែរទាំង ៤នាក់វិញ ប៉ុន្តែភាគីវៀតណាម សុំពេលពិនិត្យរបាយការណ៍យោធា ដែលជាអ្នកឃាត់សិន ហើយគេនឹងពិភាក្សាគ្នា ក្នុងជួរគណៈខេត្តសិន ទើបជួនដំណឹងវិញនៅរសៀលថ្ងៃអង្គារ នេះ។

លោក យស់ ណាស៊ី បានបន្តថា បច្ចុប្បន្នស្រ្តីខ្មែរទាំង ៤នាក់ ដែលវៀតណាមចាប់ឃាត់ខ្លួននោះ កំពុងតែស្ថិតនៅស្នងការនគបាលស្រុកក្រុងចូវដុក (មាត់ជ្រូក) ហើយក្រុមគ្រូសារពួកគេ ក៏ទៅសួរសុខទុកជាធម្មតាផងដែរ។

លោក ស៊ុត ខុន អភិបាលស្រុកបូរីជលសារបានថ្លែងឲ្យដឹងថា ស្រ្តីខ្មែរទាំង ៤នាក់ ដែលវៀតណាម ធ្វើការឃាត់ខ្លួននោះ មិនបានរកស៊ីជួញដូមាសនោះទេ ពោលពួកគេបានធ្វើដំណើរទៅទិញទំនិញនៅប្រទេសវៀតណាមតែប៉ុណ្ណោះ។ ក្រោយពីឃាត់ខ្លួនភ្លាម លោកបានចុះទៅជួបអាជ្ញាធវៀតណាមភ្លាមៗ ដើម្បីសុំឲ្យមានការដោះលែងពួកគេ។

គួរបញ្ជាក់ថា ស្រ្តីខ្មែរទាំង ៤នាក់ ដែលជាកូនប្រពន្ធអ្នកមានមុខមាត់ នៅក្នុងខេត្តតាកែវខាងលើ ត្រូវបានអាជ្ញាធវៀតណាម ឃាត់ខ្លួនកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ នៅច្រកទ្វារទឹកកំពង់ក្រសាំង_យានដុង ស្រុកអាងភូ បន្ទាប់ពីពួកគេទាំង ៤នាក់ បានធ្វើដំណើរតាមទូកឆ្លងចូលទៅប្រទេសវៀតណាម ដោយមានគ្រឿងអលង្ការ និងលុយដុងមួយចំនួនធំ៕