ក្រុមហ៊ុនមួយប្រកាសជួយទិញផ្លែមៀនប៉ៃលិន ដែលជួបប្រទះបញ្ហានាំចេញ រួមចំណែកលើកស្ទួយផល្លានុផលជាមួយរាជរដ្ឋាភិបាល
18-08-2021 17:03
(ភ្នំពេញ)៖ ក្រុមហ៊ុន Hong Thong Express (ហុងថុង អិចប្រេស) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្លែ ត្រី សាច់ និងគ្រឿងទេសគ្រប់ប្រភេទ បានបញ្ជាទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ ដើម្បីចូលរួមលើកស្ទួយការទិញផល្លានុផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ ក្រោមស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
តំណាងក្រុមហ៊ុន ហុងថុង អិចប្រេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះថា ក្រោយពីឃើញ Fresh News ផ្សព្វផ្សាយករណីផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន និងឃើញការប្រកាសបញ្ជាទិញផ្លែមៀននេះ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបក្រុមហ៊ុនលោកក៏សម្រេចចូលរួមបញ្ជាទិញដែរ ក្នុងស្មារតីជួយខ្មែរដូចគ្នា។
គួរបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ប្រជាកសិករខ្មែរកំពុងជួបវិបត្តិ ក្នុងការស្វែងរកទីផ្សារដើម្បីនាំចេញផ្លែមៀន ដែលនឹងមានការប្រមូលផល នៅចុងខែសីហានេះក្នុងបរិមាណជាង ៥ម៉ឺនតោន៕