នាយឧត្តមសេនីយ៍ ទៀ បាញ់ ចុះពិនិត្យការសាងសង់ផ្លូវជូនប្រជាពលរដ្ឋ ដែលបានកាត់ចេញការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា
25-03-2016 19:33
(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានចុះពិនិត្យការសាងសង់ផ្លូវខ្សែប្រវែង ជាង១គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ផ្លូវនេះ សាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រស់នៅលើដីទំហំ១១៥ហិកតា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកាត់ចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរអប្សរា។
ការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្រ្តីក្នុងខេត្តជាច្រើនរូបទៀត។
ផ្លូវមួយខ្សែនេះ ត្រូវបានជំរុញសាងសង់ឲ្យបញ្ចប់បានមុនបុណ្យចូលឆ្នាំខ្មែរ ធ្វើជាចំណងដៃថ្មីជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕