Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ជ្រុះចេញពីវគ្គជម្រុះ World Cup 2018 ជាផ្លូវការហើយ ក្រោយបន្តចាញ់ ស៊ីរី ៦-០ ទៀត

25-03-2016 00:56

(អូម៉ង់)៖ បេសកកម្មក្នុងវគ្គជម្រុះ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីរបស់ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិ កម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ បន្ទាប់ពី១ប្រកួតបង្រ្គប់កិច្ចបន្តចាញ់ក្រុមជម្រើសជាតិស៊ីរី (Syria) ៦-០ ទៀតនៅ ពហុកីឡដ្ឋាន Al-Seed Stadium ស្ថិតក្នុងប្រទេសអូម៉ង់ ។

ការអវត្តមានកីឡាករសំខាន់ៗ ក៏ដូចជាចាញ់មាឌកីឡាករស៊ីរីផងនោះ បានបង្ខំឲ្យកម្ពុជាមិនអាចបំបែកពងមាន់ក្រុមរបស់ប្រទេស ដែលកំពុងហែកហួរដោយសារសង្រ្គាម ISIS បានឡើយ ក្រៅពីបានរបូត២គ្រាប់ក្នុងវគ្គទី១ រយៈពេល៤៥នាទី ពោលគ្រាប់ទី១នៅនាទីទី៧ និងនាទីទី២០ ធ្វើបានសម្រេចដោយកីឡាករ Omar Khribin ទាំង២គ្រាប់ម្នាក់ឯង។

តែយ៉ាងណាក៏ដោយ យុទ្ធសាស្រ្តការពារ និងវាយសម្រុកវិញរបស់គ្រូបង្វឹក Lee Tae Hoon ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានមុន ឡើងយន្តហោះកាលពីថ្ងៃទី២២ មីនានោះ ពុំមានប្រសិទ្ធភាពឡើយ ដោយបន្តរបូត៤គ្រាប់ទៀត ក្នុងវគ្គទី២នៅនាទីទី៥៧ ដោយកីឡាករ Ahmad Kallasi នាទីទី៧២ និង ៨២ ដោយ Abdelrazaq Al Hussain និង១គ្រាប់ទី៦ នាទីទី៨៥ ដោយកីឡាករ Bueyueksal គ្រាដែលជើងទី១ នៅកីឡដ្ឋានជាតិអូឡាំពិក ក៏ចាញ់ស៊ីរី ៦-០ ដូចគ្នា ។

សូមបញ្ជាក់ដែរថា លេង៨ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល E ជាមួយនឹង៤ក្រុមផ្សេងទៀតមាន សិង្ហបុរី ស៊ីរី អាហ្វហ្គានីស្ថាន និងជប៉ុន កម្ពុជាធ្លាប់ចាញ់ទាំងអស់មិនដែលស្មើ ដោយរបូតគ្រាប់បាល់២៥គ្រាប់ និងស៊ុតចូលគេវិញ តែ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា កាលពីប្រកួតចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ ៕