Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករមួយគ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ ជោគជ័យលើអាជីពដាំបន្លែគ្រប់មុខ ក្នុង១ឆ្នាំ អាចរកចំណូលបានជាង ២០លានរៀល

24-07-2021 11:48

(ព្រះវិហារ)៖ លោក ឆឹង បូ អាយុ៣៥ឆ្នាំ មានភរិយាឈ្មោះ សយ បូភា អាយុ៣៤ឆ្នាំ មានកូន២នាក់ ក្នុងបន្ទុកជាកសិកររស់នៅភូមិពោធិទៀប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានបង្ហាញពីភាពជោគជ័យលើមុខរបរដាំបន្លែគ្រប់មុខ ផ្គត់ផ្គង់ទីផ្សារដោយក្នុង១ឆ្នាំ គាត់អាចរកប្រាក់ចំណូលបានជាង ២០លានរៀល។

ស្ត្រីជាកសិករឈ្មោះ សយ បូភា បានរៀបរាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ថា គាត់ និងគ្រួសារបានចាប់អាជីពដាំបន្លែនេះ ជាង១០ឆ្នាំមកហើយ។ ដោយបន្លែដែលគាត់ដាំរួមមាន៖ ត្រសក់ ត្រប់ ត្រឡាច ននោង និងបន្លែស្លឹកជាច្រើនមុខទៀត លើផ្ទៃដីចំនួន ២ហិកតា។

ស្ត្រីជាកសិកររូបនេះ បានបញ្ជាក់ថា រយៈពេលនៃការដាំបន្លែរបស់គាត់ប៉ុន្មានឆ្នាំដំបូង គឺមិនទទួលបានជោគជ័យដូចការរំពឹងទុកនោះទេ ដោយការដាំដុះរបស់គាត់ខ្វះលក្ខណះបច្ចេកទេស ខ្វះឧបករណ៍ សម្ភារប្រើប្រាស់...ជាដើម។ ជាហេតុធ្វើឱ្យការលក់បន្លែរបស់គាត់ក្នុងមួយថ្ងៃអាចរកចំណូលបានប្រមាណជាង ៥មុឺនរៀល ប៉ុណ្ណោះ។

ចាប់តាំងពីឆ្នាំ២០១៨មក ដោយមានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ទាំងសម្ភារ និងបច្ចេកទេស បានធ្វើអោយអាជីពដាំបន្លែរបស់គាត់ទទួលបានជោគជ័យខ្លាំង ដោយក្នុងមួយថ្ងៃគាត់អាចរកចំណូលបាន ១៥មុឺនរៀល។ និយាយរួមក្នុងមួយឆ្នាំគាត់អាចរកចំណូលបានជាង ៤០លានរៀល ប៉ុន្តែទូទាត់ថ្លៃសម្ភារ និងកម្លាំងពលកម្ម គាត់អាចនៅសល់ជាង ២០លានរៀលដែរ។

ស្ត្រីជាកសិកររូបនេះ បានសំដែងនូវការអរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលតែងតែគាំទ្រនូវអាជីពដាំបន្លែរបស់គាត់ បើគ្មានការគាំទ្រនេះទេ គាត់ក៏មិនទទួលបានជោគជ័យដូចថ្ងៃនេះដែរ។

ហើយស្ត្រីជាកសិកររូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានដីទំនេរ បើចង់ប្រកបរបរដាំបន្លែផ្សេងៗ សូមទាក់មកសួរព័ត៌មានពីគាត់ នោះគាត់នឹងជួយបង្ហាត់បង្រៀនពីការដាំដុះ ដោយមិនយកប្រាក់ឈ្នួលនោះទេ៕