មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រងការរិះគន់ឲ្យនាំចូលសត្វស្លាបខូចគុណភាព តែប្រធានស្តីទីបដិសេធ
22-03-2016 12:18
(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរិះគន់ក្រុមមន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជាពិសេសលោក ហុង លៀង អនុប្រធានសាខា អនុញ្ញាតឲ្យលួចនាំចូលសត្វមាន់រស់ ងាប់ ជាពិសេសទំនិញប៉ះពាល់សុខភាព ចេញតាមបន្ទាត់ព្រំដែនកម្ពុជា យកមកចែកចាយ និងលក់បន្តទៅក្រុមអាជីវករ នៅក្នុងខេត្ត។ ប៉ុន្តែចំពោះការចោទប្រកាន់ខាងលើនេះ ត្រូវបានលោក ហុង លៀង ឆ្លើយបដិសេធភ្លាមៗ ដោយបញ្ជាក់ថា លោកមិនដែលស្គាល់តើនរណា ជាអ្នកលួចនាំចូលទាំងនោះផង ហើយបទបញ្ជាពីថ្នាក់លើ គឺដាច់ខាតមិនឲ្យធ្វើបែបនេះឡើយ។
លោក ម៉ា សុភាព ជាអ្នករកសីុម្នាក់រស់នៅក្រុងប៉ោយប៉ែត និយាយថា បច្ចុប្បន្ននេះគេសង្កេតឃើញថា ក្រុមមន្រ្តីកាំកុងត្រូលខ្លះ និងមន្រ្តីអាជ្ញាធរ សមត្ថកិច្ចមួយចំនួន នៅតែអនុញ្ញាតឲ្យមានការលួចនាំចូលសាច់មាន់ ប្រហិត ដែលបង្កឲ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង។ ជាមួយគ្នានេះ នៅចំណុចអូរបីជាន់ ស្រុកអូរជ្រៅ ក៏មានសត្វទារស់រាប់ម៉ឺនក្បាលក្នុងមួយថ្ងៃៗ ក៏ត្រូវបានក្រុមមន្រ្តីទាំងនេះលួចនាំចូល។
លោក ហុង លៀង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះថា យើង សូមបដិសេធចំពោះព័ត៌មានទាំងនេះ ហើយកម្លាំងយើង ឈរជើងនៅតែចំណុចអូរជ្រៅ ម្យ៉ាងយើងមិនទៅស្គាល់ឈ្មួញទាំងនោះទេ យើងស្តាប់បទបញ្ជាពីថ្នាក់លើទប់ស្កាត់ការងារ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ៕