Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចសាកសួរ មេធាវី កញ្ញា ធី សុវណ្ណាថា ជុំវិញការប្តឹងលើខ្សែអាត់សំឡេងបរិហារកេរ្តិ៍ ដែលគេសង្ស័យលើ លោក កឹម សុខា និងស្រីកំណាន់

15-03-2016 09:15

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ បានហៅមេធាវីរបស់កញ្ញា ធី សុវណ្ណថា ទៅសាកសួរព័ត៌មានបន្ថែមមួយចំនួន ជុំវិញការប្តឹងលើខ្សែអាត់សំឡេងបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា។ នេះបើតាមការបញ្ជាក់ពី មន្រ្តីនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។

កាលពីដើមខែមីនា កញ្ញា ធី សុវណ្ណថា អតីតសកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានដាក់ពាក្យប្តឹងទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីមានការបែកធ្លាយសំឡេងខ្សែអាត់ទូរស័ព្ទសាសងស្នេហាបែបបរិហារកេរ្តិ៍លើរូបនាង ដែលគេសង្ស័យថាធ្វើឡើងដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីវ័យក្មេងម្នាក់ឈ្មោះ «ស្រីមុំ»។ នៅក្នុងបណ្តឹងនោះ ធី សុវណ្ណថា បានអះអាងថា សំឡេងអ្នកទាំងពីរនោះបានមួលបង្កាច់ និងបំផ្លើសការពិត ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាង។

ទោះជាយ៉ាងនេះក្តី កាលពីសប្តាហ៍មុន សមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ បានកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងជាមួយលោក កឹម សុខា ចូលបំភ្លឺចំពោះសំឡេងខ្សែអាត់នោះផងដែរ។

ប៉ុន្តែទោះជាបែបនេះក្តី កញ្ញា ខុម ចាន់ដារ៉ាទី ដែលជាអ្នកធ្លាប់ផ្តល់សេវាកក់សក់ និងកាត់ក្រចកដល់ លោក កឹម សុខា បានបដិសេធថា សំឡេងនារីក្នុងខ្សែអាត់ ដែលបែកធ្លាយជាបន្តបន្ទាប់ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនោះ «មិនមែនជាសំឡេងរបស់នាងទេ»។

Fresh News នៅមិនទាន់អាចទំនាក់ទំនងទៅមន្រ្តីតុលាការ និងសមត្ថកិច្ច ដើម្បីសាកសួរថាតើ ពួកគាត់នឹងមានវិធានការកោះហៅតួឯកប្រុស​ នៅក្នុងសំឡេងនោះ ទៅសាកសួរដូចទៅនឹងតួឯកស្រីដែរឬយ៉ាងណា? នោះទេ៕