Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ទៀ វិចិត្រ ទទួលលិខិតសសើរ ពីរដ្ឋបាលជលផល ក្រោយពីលែងសត្វអណ្តើកសមុទ្រ ជាបន្តបន្ទាប់

14-03-2016 15:50

(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ ជាពាណិជ្ជករវ័យក្មេង រស់នៅក្នុង ក្រុងព្រះសីហនុ ដែលកន្លងមកបានជាវ សត្វអណ្តើកសមុទ្រពីអ្នកនេសាទ ហើយយកទៅលែងក្នុងទឹកសមុទ្រវិញ ទទួលបានការចាប់អារម្មណ៍ពីរដ្ឋបាលជលផល រហូតដល់ល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋាន អភិរក្សជលផល បានយកលិខិតសសើរ ទៅប្រគល់ជូនឧកញ៉ា ដល់គេហដ្ឋាន។

លោក អ៊ុក វិបុល បានថ្លែងថា សត្វអណ្តើកសមុទ្រ គឺជាសត្វកម្រ ហើយត្រូវបានការពារ និងអភិរក្សដោយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាកុំឲ្យបាត់ពូជ ដើម្បីឲ្យក្មេងជំនាន់ក្រោយ បានឃើញ និងស្គាល់ ហើយជាពិសេសនៅមានមច្ឆាសមុទ្រ ប្រភេទកម្រជាច្រើនផ្សេងទៀត បូករួមទាំងជីវចម្រុះ និងផ្កាថ្មរនៅក្រោមបាតសមុទ្រផងដែរ សុទ្ធសឹងដែលអាចលើកស្ទួយ វិស័យទេសចរណ៍ របស់យើងឲ្យរីកចំរើន តាមរយៈការទាក់ទាញឲ្យភ្ញៀវទេសចរ មុជទឹកមើលកម្សាន្ត។

ឧកញ៉ា ទៀ វិចិត្រ បានសំដែងនូវការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយមិនដឹងខ្លួន ព្រោះមិននឹកស្មានថា សកម្មភាពការព្រលែងសត្វអណ្តើកកន្លងមក របស់លោកអស់ចំនួន១៣ក្បាល មកហើយគិតថា គ្រាន់តែជាការព្រលែងធម្មតាៗ ប៉ុន្តែមិននឹកស្មានទាល់តែសោះថា ទទួលបានការចាប់អារម្មណ៍ ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម យ៉ាងដូច្នេះសោះឡើយ។

ឧកញ៉ា ទៀ វិចិត្រ បានបង្ហាញទស្សនៈថា «ខ្ញុំទុកការអភិរក្សសត្វដ៏កម្រ ជាតួនាទីរបស់ខ្ញុំ»។

សូមបញ្ជាក់ថា តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នចុងក្រោយនេះ គេឃើញសកម្មភាព របស់ឧកញ៉ា ទៀ វិចិត្រ មានសកម្មភាពលេចធ្លោរ រហូតដល់ប្រជាពលរដ្ឋក្នុងខេត្ត ផ្តល់រហ័សនាមថា លោកឧកញ៉ាចិត្តធម៌ផងដែរ ក្នុងការចែករំលែកនូវធនធានផ្ទាល់ខ្លួនជាច្រើន។ ដោយតាមរយៈខ្លួន លោកឧកញ៉ាផ្ទាល់ផង តាមរយៈអ្នកតំណាងផង តាមរយៈស.ស.យ.ក ខេត្តព្រះសីហនុផង និងតាមរយៈចលនាយុវជនកម្ពុជា សាខាខេត្តព្រះសីហនុ យកទៅឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារកំព្រារ ស្ត្រីម៉េម៉ាយ យោធិនពិការ មន្ត្រីរាជការ ក្នុងខេត្តព្រះសីហនុ ដែលជួបប្រទះនូវជីវភាពខ្វះខាត ទីទ័លក្ររ គ្រោះអគ្គិភ័យ ខ្យល់ព្យុះជាដើម៕