Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើលិខិតថ្លែងអំណរគុណជូនរដ្ឋមន្ដ្រី សាយ សំអាល់ ដែលផ្ដល់រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ

28-05-2021 17:00

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើលិខិតថ្លែងអំណរគុណជូន លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដែលបានផ្ដល់អំណោយរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង សម្រាប់បំពាកជូននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ចែករំលែក ផុសចេញពីទឹកចិត្តសប្បុរស ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ក៏ដូចជាការរក្សានូវសុខុមាលភាពរបស់កម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្ម ថែរក្សាស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពេទ្យសង្គ្រោះបន្ទាន់ មួយគ្រឿង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលជាអំណោយរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដោយបានលើកឡើងថា អំណោយដែលប្រគល់ជូននាយកដ្ឋាននគរបាលការពារព្រំដែនគោក នាពេលនេះពិតជាសារសំខាន់ ក្នុងខណៈពេលដែលកងកម្លាំងនគរបាលជាតិ កំពុងតែចូលរួមយ៉ាងសកម្មក្នុងការតស៊ូ បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ បានគូសបញ្ជាក់ថា អំណោយរថយន្តសង្គ្រោះបន្ទាន់នេះ បានឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌របស់ លោករដ្ឋមន្រ្តី ដែលបានចូលរួមក្នុងការពង្រឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការរួមចំណែកពង្រឹងស្មារតីកងកម្លាំង ក្នុងការថែរក្សាសុខភាពសាធារណៈ សុខភាព អាយុជីវិតពលរដ្ឋ និងសង្គមជាតិផងដែរ៕