Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អភិបាលខេត្តកំពង់ស្ពឺ៖ កម្មការិនីរោងចក្រម្នាក់ មានផ្ទៃពោះ៧ខែ ដែលវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណៈ

08-05-2021 12:24

(កំពង់ស្ពឺ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះថា កម្មការិនីររោងចក្រម្នាក់ មានផ្ទៃពោះ៧ខែ ដែលវិជ្ជមានជំងឺកូវីដ១៩ បានទទួលមរណភាព នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។

យោងតាមលិខិតមរណភាពរបស់ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ដ្រីដែលវិជ្ជមានជំងឺកូវីដ១៩ ដោយបានទទួលមរណៈភាពនេះ ឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅរោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ កម្មការិនីរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មុនការស្លាប់ប្រហែល៣០នាទី។

អភិបាលខេត្តកំពង់ស្ពឺ បានអះអាងទៀតថា កម្មការិនីរោងចក្រដែលទទួលមរណៈភាពនេះ មានផ្ទៃពោះ៧ខែ ហើយនៅពេលមានអាការៈសង្ស័យដំបូង គាត់មិនបានមកជួបក្រុមគ្រូពេទ្យ ឬយកសំណាកពិនិត្យរកជំងឺកូវីដ១៩នោះទេ លុះស្ថានភាពកាន់តែធ្ងន់ធ្ងរទើបក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យ ដោយមានការសង្ស័យក្រុមគ្រូពេទ្យ បានបញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយពេលកំពុងសង្គ្រោះបានប្រហែល៣០នាទី គាត់ក៏ទទួលមរណៈភាពតែម្ដង។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលបម្រើការងារនៅរោងចក្រមានជាប់ពាក់ព័ន្ធជាមួយជំងឺកូវីដ១៩ ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ឬមន្ដ្រីសុខាភិបាល ដើម្បីយកសំណាកក្នុងករណីសង្ស័យ ដោយមិនត្រូវទុក្ខឲ្យខ្លួនឯងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ៕