Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អភិបាលខេត្តកណ្ដាល សម្រេចបិទផ្សារបែកចាន នៅស្រុកអង្គស្នួលបណ្ដោះអាសន្ន ក្រោយផ្ទុះជំងឺកូវីដ

30-04-2021 21:25

(កណ្ដាល)៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារបែកចាន ស្ថិតក្នុងស្រុកអង្គស្នួល ជាបណ្ដោះអាសន្ន ក្រោយផ្ទុះជំងឺកូវីដ១៩ ចេញពីកម្មកររោងចក្រ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្ដីសម្រេចរបស់អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ផ្សារបែកចាន ដែលស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។

ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្ដជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកអង្គស្នូល៕