Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា ប្រជុំនៅខេត្តត្បូងឃ្មុំ និងមណ្ឌលគិរី ត្រួតពិនិត្យផែនការលើការបង្ក្រាបបទល្មើសព្រៃឈើ

07-03-2016 18:15

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រជុំ ស្តីពីការត្រួតពិនិត្យការងារដែលបានដាក់ចេញកន្លងទៅ នៅខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ និងសមាជិកថ្នាក់ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគីរី ជាច្រើនរូបផងដែរ។

នៅថ្ងៃនេះ នាយឧត្តមសេនីយ៍ បានដឹកនាំកម្លាំងចុះទៅពិនិត្យ និងបន្តបង្ក្រាបបទល្មើសព្រៃឈើ នៅតាមខេត្តជាប់ព្រំដែនវៀតណាម ដោយដំបូងទៅខេត្តត្បូងឃ្មុំ មុនបន្តទៅខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមាន៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អនុប្រធានព្រមទាំងសមាជិក៨រូបទៀត រួមមានរដ្ឋលេខាធិការក្រសួងបរិស្ថាន អគ្គនាយករដ្ឋបាលព្រៃឈើ និងអភិបាលខេត្តចំនួន៦ គឺខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី៕