Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បក្ខពួកក្រុមចោរប្លន់ ប្រដាប់អាវុធរបស់ អាក្រៃថោងម្នាក់ទៀត ត្រូវសមត្ថកិច្ចតាមទៅចាប់នៅ ខណ្ឌពោធិ៍សែនជ័យ

07-03-2016 16:48

(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ស្រាវជ្រាវចុះទៅចាប់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ទៀត នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល មូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យថា ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនេះ បានធ្វើឡើងតាមការចង្អុលបង្ហាញរបស់ជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន ហាន អាយុ៣២ឆ្នាំ ដែលនគរបាលខេត្តកណ្តាល នាំខ្លួនមកជាមួយ។

ជនសង្ស័យរូបនេះបាន និងកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ ដែលមានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅពេលចាប់ខ្លួន កម្លាំងនគរបាលបានដកហូត ម៉ូតូមួយគ្រឿងផងដែរ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបាននគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តកណ្តាល និងរាជធានីភ្នំពេញ បានសម្រេចឲ្យបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាលដើម្បីបន្តការសួរនាំ។

សូមបញ្ជាក់ថា ជនសង្ស័យប្លន់ប្រដាប់អាវុធចំនួន៦នាក់ ដែលមានឈ្មោះ អាក្រៃថោង ធំជាងគេ ត្រូវបានកម្លាំងនគរបាលខេត្ត កំពង់ចាម និងនគរបាលខេត្តកណ្តាល ចុះទៅបង្ក្រាបដល់ខេត្តកំពង់ចាម ស្ថិតនៅស្រុកជើងព្រៃ ស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរ។ ក្រុមចោរប្លន់ប្រដាប់អាវុធ​ទាំងនេះ ធ្លាប់ធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តរួមមាន ខេត្តកណ្តាល ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ជាដើម៕