កម្មករម្នាក់នៅការដ្ឋានសំណង់ សណ្ឋាគារកម្ពស់៩ជាន់ ក្នុងសង្កាត់ចតុមុខ កៀបបែកក្បាលខ្ទេចនៅកន្រ្តកយោង
07-03-2016 15:38
(ភ្នំពេញ)៖ បុរសជាកម្មករសំណង់ម្នាក់ ដែលបម្រើការងារ នៅការដ្ឋានសំណង់ នៃសណ្ឋាគារកំពស់៩ជាន់ ស្ថិតនៅផ្ទះលេខ៥ ផ្លូវ២៤០ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលជាកម្មសិទ្ធក្រុមហ៊ុន RW មានតំណាងឈ្មោះ ហាន ជុងហ៊ុន បានកៀបបែក ក្បាលខ្ទេចចេញសុទ្ធតែខួរក្នុងកន្រ្តកយោង ស្លាប់អាណោចអាធ័ម នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភឿន ឡំ អាយុ២១ឆ្នាំ មានស្រុកកំណើត នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចបានបញ្ជាក់ថា «ជនរងគ្រោះកៀបបែកក្បាលស្លាប់ និងកន្ត្រកយោងសម្ភារសំណង់ភ្លាមៗ នៅនឹងកន្លែងកើត»។ ក្រោយកើតហេតុសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅជួយអន្តរាគមន៍ និងយកសព ជនរងគ្រោះទៅប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា សាច់ញាតិរបស់ជនរងគ្រោះនឹងទទួលបានសំណងប៉ុន្មានពីតំណាងការដ្ឋានសំណង់នោះឡើយ។
ការស្លាប់របស់ជនរងគ្រោះយ៉ាងវេទនានេះ ត្រូវបានសមត្ថកិច្ចចាត់ទុកថា ជាការធ្វេសប្រហែសរបស់ភាគីម៉ៅការសំណង់នេះតែម្តង៕