Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត រំលឹកប្រសាសន៍សម្តេចតេជោ៖ មានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រាន់ ទើបអនុវត្តគោលនយោបាយបានជោគជ័យ

19-04-2021 14:12

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានរំលឹកឡើងវិញនូវប្រសាសន៍មួយឃ្លារបស់សម្តេចតេជោ ដែលបានលើកឡើងថា «ការដាក់ចេញនូវគោលនយោបាយជាប្រការសំខាន់ តែត្រូវមានអ្នកប្រតិបត្តិដ៏ស្មោះត្រង់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្ត ទើបគោលនយោបាយបានជោគជ័យ»។

ប្រសាសន៍របស់សម្តេចតេជោមួយឃ្លា ត្រូវបានលើកឡើងនៅវិទ្យាស្ថានជាតិអប់រំនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨។ គេមិនដឹងថា អ្វីជាគោលបំណងរបស់លោក ហ៊ុន ម៉ាណែត ក្នុងការរំលឹកឡើងវិញនៃប្រសាសន៍សម្តេចតេជោនោះឡើយ។ ភ្ជាប់ជាមួយនឹងប្រសាសន៍របស់សម្តេចតេជោនេះ លោក ហ៊ុន មាណែត សរសេរត្រឹមពាក្យខ្លីតែប៉ុណ្ណោះ គឺ «ដំបូន្មានដ៏សំខាន់របស់ពុក»។

លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ ក្រៅពីតួនាទីក្នុងស្ថាប័នជាតិ លោកក៏ត្រូវបានចាត់តាំងជាអ្នកទឹកនាំ និងប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

ការលើកឡើងរបស់លោក គឺចំពេលដែលកម្ពុជា កំពុងដាក់ចេញនូវគោលនយោបាយនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ។

សាររបស់លោក ហ៊ុន ម៉ាណែត នាំឲ្យមានការវាយតម្លៃ និងសន្និដ្ឋានថា ជាការក្រើនរំលឹកដល់អ្នកប្រតិបត្តិ និងអនុវត្តន៍នូវគោលនយោបាយ ក៏ដូចជាផែនការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឱ្យមានការអនុវត្តន៍ដោយស្មោះត្រង់ និងមានសមត្ថភាពលើការអនុវត្ត ដើម្បីទទួលបានជោគជ័យលើផែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ៕