Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់បុរសម្នាក់ អាយុ៣៥ឆ្នាំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារជំងឺកូវីដ១៩

14-04-2021 21:49

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យខេត្តព្រៃវែង បានឲ្យដឹងថា បុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ រស់នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦៖២០នាទីព្រឹក។

អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣៖៥០នាទី ជាមួយនឹងស្ថានភាពឈឺបំពង់ក ក្តៅខ្លួន ហត់ខ្លាំង ក្រុមគ្រូពេទ្យបានដាក់អ្នកជំងឺព្យាបាលនៅបន្ទប់ដាច់ដោយឡែក និងត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលមាន វិជ្ជមានកូវីដ-១៩។

ដោយស្ថានភាពអ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦៖២០នាទីព្រឹក។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរអាយុ៣៥ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ ជីវិតដោយសារវិបត្តិផ្លូវដង្ហើមម្រចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ចំនួន៣៦នាក់៕