នៅខេត្តកំពង់ឆ្នាំង មនុស្សទាំង៦៣នាក់ ដែលពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩ ឈ្មោះ សោម ឡូ តេស្តលើកទី១ «អវិជ្ជមាន»
08-04-2021 17:35
(កំពង់ឆ្នាំង)៖ មនុស្សចំនួន ៦៣នាក់ ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយឈ្មោះ សោម ឡូ ដែលត្រូវបានប្រកាសថា ឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលធ្វើតេស្តលើកទី១ «អវិជ្ជមាន»។ នេះបើតាមលោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានឲ្យដឹងថា មនុស្សទាំង ៦៣នាក់នោះ បានពាក់ព័ន្ធជាមួយនឹងអ្នករត់ម៉ូតូកង់បី និងលោកវេជ្ជ បណ្ឌិត ប៉ុល ប៊ូ ម្ចាស់គ្លីនិកព្យាបាលជំងឺទូទៅ ដែលទាំងពីរនាក់ខាងលើនេះ បានប៉ះពាល់ដោយផ្ទាល់ជាមួយ សោម ឡូ។
លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួននេះមិនទាន់កំណត់បានថា មានអ្នកពាក់ព័ន្ធតែប៉ុណ្ណឹងនោះទេ ដូចនេះក្រុមការងារបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ខាងលើនេះ ទៅជួបក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ដើម្បីពិគ្រោះយោបល់ និងយកសំណាកទៅធ្វើតេស្តឲ្យបានទាន់ពេលវេលា ឬដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមវិធានសុខាភិបាលសិន៕