Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បិទ និងដកហូតអាជីវកម្មក្លឹប Snooker នៅខណ្ឌបឹងកេងកង ក្រោយបំពានបំរាមនៅតែលួចបើកអាជីវកម្ម រហូតមានអ្នកឆ្លងជំងឺកូវីដ

07-04-2021 14:59

(ភ្នំពេញ)៖ អាជ្ញាធរបានសម្រេចបិទ និងដកហូតអាជីវកម្មជាអចិន្ដ្រៃយ៍ទីតាំង Jimmy White Snooker Club ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រោយបំពានបំរាម និងការណែនាំរបស់អាជ្ញាធរលួចបើកអាជីវកម្ម រហូតមានឆ្លងជំងឺកូវីដ១៩ បានទៅទីនោះ។

មន្ដ្រីសាលាខណ្ឌបឹងកេងកង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធរបានណែនាំឲ្យក្លឹប ដែលមានលក្ខណៈប្រមូលផ្ដុំទាំងអស់ ត្រូវបិទអាជីវកម្មបណ្ដោះអាសន្ន។ ប៉ុន្ដែទីតាំងនេះនៅបន្ដលួចបើក ហើយក្រោយមកអាជ្ញាធរបានណែនាំ២ដងទៀត ឲ្យផ្អាកបណ្ដោះអាសន្ន។

លុះនៅថ្ងៃទី២៧ ខែមីនាកន្លងទៅ ស្រាប់តែរកឃើញថា មានអ្នកកើតជំងឺកូវីដ១៩ បានទៅលេងនៅទីតាំងនោះ ទើបអាជ្ញាធរដឹងថា ទីតាំង Jimmy White Snooker Club បំពានការណែនាំដែលបានប្រាប់នាពេលកន្លងមក។

ដោយកំហុសឆ្គងជាច្រើនដង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងអាជ្ញាធរខណ្ឌបឹងកេងកង បានចុះបិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណជារៀងរហូតតែម្ដង៕