Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានស្ពានភ្លោះដល់ទៅពីរ បែរជាបើកម៉ូតូចូលចន្លោះស្ពាន ធ្លាក់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

29-02-2016 11:46

(កំពង់ចាម)៖ បុរសម្នាក់ និងស្ត្រីម្នាក់ បានជិះម៉ូតូចូលចន្លោះស្ពានភ្លោះ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ បណ្ដាលឲ្យធ្លាក់ចុះទៅខាងក្រោម ដែលមានជម្រៅជ្រៅស្លាប់ និងរបួស ដោយឧប្បត្តិហេតុនេះ បានកើតឡើងនៅម៉ោងជាង២រសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានថ្នល់កែង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះដែលជិះម៉ូតូធ្លាក់ចូលចន្លោះស្ពានស្លាប់ និងរបួសខាងលើនេះ រួមមានឈ្មោះ សៀក ចាន់ស្រី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រាវភ្នី ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ សៀក ជា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅជាមួយគ្នាបានរងរបួសធ្ងន់។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ទាំងពីរនាក់ខាងលើនេះ បានជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FE-4046 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចគល់ស្ពាន ដែលជាស្ពានភ្លោះ និងមានសួនច្បារនៅចន្លោះកណ្ដាលផងនោះ មិនដឹងជាអ្នកបើកមានបញ្ហាអ្វីក៏ រេចង្កូតឡើងលើសួនច្បារ ចូលចន្លោះស្ពានធ្លាក់ទៅខាងក្រោម បណ្ដាលឲ្យស្លាប់និងរបួសតែម្ដងទៅ៕