Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតគុយបា ថ្មីប្រចាំកម្ពុជា ចូលជួបសម្តេចពញាចក្រី ហេង សំរិន ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី

29-02-2016 11:09

(ភ្នំពេញ)៖ សម្តេចពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា បានអនុញ្ញាតឲ្យ លោក ហូអាន ដេ ហេហ្សូស ហីដាល់ហ្គូ ហ្គាតូ ប៉េ រ៉េស (HE. Mr. Juan de Jesús Hidalgo-Gato Péres) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបា ប្រចំាកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ចំពោះ ឯកអគ្គរដ្ឋទូត ដែលបានឆ្លៀតឱកាសមកសម្តែងការគួរសម ខណៈដែលលោកត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋគុយបា ផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតគុយបាថ្មី ក៏បានថ្លែងអំណរគុណដល់សម្តេចប្រធាន ដែលបានផ្តល់កិត្តិយសដល់លោក បានចូលជួបសម្តែងការគួរសម ហើយក៏បានប្តេជ្ញាបន្តធ្វើការពង្រឹង និងពង្រីកទំនាក់ទំនង កម្ពុជា-គុយបា ឲ្យកាន់តែប្រសើរឡើងថែមទៀត។ សាធារណរដ្ឋគុយបា ក៏បានអរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រគុយបា នៅគ្រប់កាលៈទេសៈ។

សម្តេចប្រធាន បានថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា នូវជំនាញពីគុយបាដូចជាវិស័យ កសិកម្ម វេជ្ជសាស្រ្ត និងវិស័យផ្សេងៗទៀត៕