Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ាណែត ណែនាំឲ្យនិស្សិតត្រូវហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ

25-02-2016 21:55

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា និស្សិតត្រូវហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ មានន័យថា និស្សិតត្រូវមានគំនិតផ្តួចផ្តើមបង្កើតគំនិតថ្មី និងវិធីសាស្ត្រថ្មីៗ ដើម្បីប្រែក្លាយការគិតទៅជាសកម្មភាព ប្រកបដោយការទទួលខុសត្រូវ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កត្តាសំខាន់ៗចំនួន៣ ដែលធ្វើឱ្យនិស្សិតជោគជ័យគឺ ការខិតខំប្រឹងប្រែង តស៊ូ​អំណត់ និងព្យាយាមមិនបោះបង់ ប៉ុន្តែកត្តាទាំងនេះវាត្រូវចំណាយពេលវេលាច្រើន ដើម្បីលូតលាស់ និងរីកចំរើន ព្រោះជោគជ័យធំត្រូវការពីជោគជ័យតូចៗទៅ ហើយវាទាមទានូវកត្តាខ្លួនឯង និងកត្តាផ្សេងៗទៀត។

លោកបានបន្តថា ភាពជឿជាក់ និងសមត្ថភាព គឺជាកត្តាសំខាន់ណាស់។ ជាក់ស្តែងការធ្វើបទបង្ហាញនេះ គឺជាឱកាស ដែលនិស្សិតបង្ហាញ សមត្ថភាពរបស់ខ្លួន ហើយនៅក្នុងជីវិត ការៀនសូត្រ យើងអាចមានផ្លូវកាត់ជាច្រើន ប៉ុន្តែផ្លូវកាត់នោះមិនអាចឱ្យនិស្សិត ទទួលជោគជ័យការងារនោះទេ មានតែការខិតខំប្រឹងប្រែង តស៊ូអំណត់និងព្យាយាមមិនបោះបង់នេះ ហើយដែលអាច ធ្វើឱ្យជោគជ័យបាន។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីនៅក្នុងពិធីជូនប័ណ្ណសរសើរ ដល់និស្សិតពូកែប្រចាំឆ្នាំ សិក្សានៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ពិធីជូនប័ណ្ណសរសើរដល់និស្សិតពូកែប្រចាំឆ្នាំសិក្សា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ មានបទបង្ហាញរបស់និស្សិតឆ្នើមចំនួន០៥ក្រុម លើប្រធានបទផ្សេងៗគ្នាតាមឯកទេសរៀងៗខ្លួន។ ក្រុមដែលទទួលបានជ័យលាភី លេខ០១ទទួលបានពានរង្វាន់០១ មេដៃជ័យលាភីម្នាក់០១ និងថវិកា៥០០ដុល្លាអាមេរិក។  នាឱកាសនោះលោក ហ៊ុន ម៉ាណែត បានប្រគល់ពានរង្វាន់ មេដៃជ័យលាភី ថវិកានិប័ណ្ណសរសើរ ជូនដល់និស្សិត ឆ្នើមចំនួន២៤០នាក់ផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក សិស្សនិស្សិតជាច្រើននាក់ផងដែរ៕