Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរបន្តសកម្មភាពផ្សព្វផ្សាយ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលដល់សហគមន៍

19-02-2021 16:55

(ភ្នំពេញ)៖ នៅរាជធានីភ្នំពេញ មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួនជាង ៤០កន្លែង ស្ថិតនៅក្នុងចំនួន៨ខណ្ឌ ចំណុះឲ្យរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលចូលទៅដល់សហគមន៍។

នេះបើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ គិន សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ គិន សុធី បានបញ្ជាក់ឲ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលចត្តាឡីស័កចំនួន ៤១កន្លែង ស្ថិតនៅក្នុងខណ្ឌចំនួន៨ ចំណុះឲ្យរាជធានីភ្នំពេញ ក្នុងនោះមានទាំងសណ្ឋាគារសុខា មណ្ឌលចត្តាឡីស័ករបស់រាជធានីភ្នំពេញ ដែលស្ថិតជិតមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ មណ្ឌលចត្តាឡីស័កចាក់អង្រែលើ មណ្ឌលចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ហើយក្នុងចំណោមមណ្ឌលចត្តាឡីស័កទាំងនេះ បានប្រើប្រាស់កម្លាំងចំនួន ៤០២នាក់ ក្នុងនោះប៉ូលីសអន្តរាគមន៍ចំនួន ៧០នាក់ ក្រៅពីនោះគឺជាសមត្ថកិច្ចនៅតាមមូលដ្ឋានខណ្ឌនីមួយៗ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរំលឹកឲ្យមានការប្រុងប្រយ័ត្នឡើងវិញ ដោយសារថា មកដល់ពេលនេះ ប្រជាពលរដ្ឋហាក់ដូចជាលែងមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ហើយ។ ក្នុងនាមអាជ្ញាធរដែនដីទាំង១៤ខណ្ឌ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះណែនាំ ផ្សព្វផ្សាយជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩ឡើងវិញ ខណៈដែរ កាលពីមុនអនុវត្តបានល្អ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ ដែលធ្វើឱ្យអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា «កិច្ចប្រជុំនេះយើងនឹងពិភាក្សារកចំណុចគន្លឹះ រកចំណុចចន្លោះប្រហោង ដើម្បីយើងយកចំណុចទាំងនោះមកបំពេញបន្ថែម និងអនុវត្តឲ្យចំគោលដៅ ក្នុងកិច្ចការពារនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ»